​​លេខ​៧​នៅ​ Man Utd ​ពី​ Ronaldo ​ដល់​ Ronaldo វិញ​ឆ្លង​កាន់​មនុស្ស​ប៉ុន្មាន​នាក់​​អ្នក​ណា​ខ្លះ​ជោគជ័យ​?

​លេខ​៧​របស់​ក្រុម​បិសាច​ក្រហម​ Manchester United ​បាន​វិល​មក​​ដល់​ Ronaldo វិញ​កាល​ពី​យប់មិញ​នេះ​​ ក្រោយពេល Cavani សម្រេច​ប្រគល់​លេខ​នេះ​មក​កាន់​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ហើយ​ខ្លួន​យក​លេខ​២១​។ Ronaldo បាន​ចាប់​ផ្ដើម​លេខ​៧​ជា​មួយ​ Manchester United យ៉ាង​ជោគជ័យ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Sir Alex Ferguson​ ចន្លោះ​ឆ្នាំ​២០០៣ ដល់ ២០០៩ ។ ក្រោយ​ពេល​ចាក​ចេញ​ពី​បិសាច​ក្រហម​ទៅ​កាន់ Real Madrid ​​ក្លឹប​ Manchester United ​បាន​ស្វែង​រក​ម្ចាស់​លេខ​៧​ជា​ច្រើន​នាក់​​ ប៉ុន្តែ​លេខ​៧​ក្រោយ​ៗ​ហាក់​មិន​សូវ​ជោគជ័យ​ជា​មួយ​បិសាច​ក្រហម​ឡើយ ។ តើ​កីឡាករ​រូបណា​ខ្លះ​ពាក់​លេខ​៧​ក្រោយ​ Ronaldo? ក្រោយ​ពេល​ Ronaldo ចាក​ចេញ​លេខ​៧​ត្រូវ​បាន​ពាក់​ឲ្យ Michael Owen ចន្លោះ​ឆ្នាំ២០០៩​ដល់​២០១២​ ខ្សែ​បម្រើ​ប្រយុទ្ធ​​របស់​អង់គ្លេស​ចូល​លេង​បាន​៣១​ប្រកួត និង​រក​បាន​ត្រឹម​៥​គ្រាប់​ប៉ុណ្ណោះ​ឲ្យ​បិសាច​ក្រហម​។ ​​ក្រោយ​ពេល Owen ចាក​ចេញ​ពី Man Utd លេខ​៧​នេះ​ក៏​ធ្លាក់​ទៅដល់ Antonio Valencia ។ ​ខ្សែ​បម្រើ​​​ស្លាប​រូ​ប​នេះ​លេង​ឲ្យ​បិសាច​​ក្រហម​ចន្លោះ​​ឆ្នាំ​២០០៩​ដល់​២០១៩ ប៉ុន្តែ​គេ​បាន​ពាក់​លេខ​៧​​នៅ​រដូវ​កាល​បន្ទាប់​ពី Owen ​ចាក​ចេញ​។ ក្រោយ​មក​ទៀត​​លេខ​៧​នេះ​ពាក់​ឲ្យ Ángel Di María ដែល​ទិញ​មក​ពី Real Madrid ​រដូវ​កាល​២០១៤-២០១៥​ដែល​ពេល​នោះ​លេង​បាន​២៧​ប្រកួត​រក​បាន​៣​គ្រាប់​។ ចប់​បី Ángel Di María​ លេខ​៧​ក៏​បាន​ទៅ​លើ Memphis Depay ដែល​ពេល​នោះ Manchester United ទិញ​យក​មក​ពី PSV ​។ ចាយ​ពេល​នៅ​បិសាច​ក្រហម​​ពីរ​ឆ្នាំ​ចន្លោះ​ឆ្នាំ​២០១៥​ ដល់​២០១៧ ពោល​ចូល​លេង​បាន​៣៣​ប្រកួត​ខ្សែ​ប្រយុទ្ធ​រូប​នេះ​រក​បាន​តែ​២​គ្រាប់​ប៉ុណ្ណោះ​។ ​​ម្ចាស់​អាច​លេខ​៧​​ម្នាក់​ទៀត​បាន​មក​​លើ Alexis Sanchez ដែល​ពេល​នោះ​បិសាច​ក្រហម​បាន​ទិញ​ពី Arsenal ។ ចាយ​ពេល​នៅ Man Utd ២​ឆ្នាំ​ចន្លោះ​ឆ្នាំ​២០១៨ ដល់​២០២០ Sanchez ចូល​លេង​បាន​៣២​ប្រកួត​ និង​រក​បាន៣​​គ្រាប់។ ​ចុង​ក្រោយ​គឺ Cavani ផ្ទេរ​ពី PSG មក​កាន់​បិសាច​ក្រហម​នៅ​ឆ្នាំ​២០២០ ប៉ុន្តែ​គេ​រក​បាន​១០​គ្រាប់​ហើយ​ក្នុង​ចំណោម​ការ​បង្ហាញ​ខ្លួន​២៧​លើក​៕ ​​​​​​​​